ថ្ងៃអង្គារ ទី១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ តំណាងក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បីពិភាក្សាលើគម្រោងស្នើសុំវិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ ក្នុងជំហានដំបូង ក្រុមហ៊ុនស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ ទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹកពីចំណុចកណ្តាលរាជធានី ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

No comments:
Post a Comment