អត្ថន័យបុណ្យ​វិសាខ​បូជា - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Tuesday, May 5, 2020

អត្ថន័យបុណ្យ​វិសាខ​បូជា

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ថ្ងៃ​១៥​កើត ខែសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩ ។ 

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖
ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន
សេចក្តីថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ)។
ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង មុនពុទ្ធសករាជ ៨០​ឆ្នាំ។ នៅ​ ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​ កបិលពស្តុ និង ទេវ​ទហៈ។
ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់ មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា។

ទេវទហៈ
ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​ វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។

ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង ​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់ វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់ ចន្លោះដើម ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង ​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុងកុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។

ជា​ប្រពៃណី​បុណ្យ​វិសាខបូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។ ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។ បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

No comments:

Post a Comment