បាត់ដំបង៖ ប្រជាកសិករនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានទទួលការបណ្តុះបណ្តាលស្តីពីប្រសិទ្ធិភាពនិងអត្ថប្រយោជន៍នៃការកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែរ ដើម្បីឲ្យពួកគាត់ទទួលបានទិន្នផលស្រូវខ្ពស់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំនិងផ្តល់ជូនដោយអង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ Rice-SDP ខេត្តបាត់ដំបង ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តោតលើយុទ្ធសាស្ត្រក្នុងការបង្កើតនិងពង្រឹងផ្នែកច្បាប់ពាណិជ្ជកម្ម ដើម្បីធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀងនិងការនាំចេញអង្ករ ហើយកម្មវិធីនេះទទួលបានកម្ចីពីធនាគារអភិវឌ្ឍអាស៊ី ព្រមទាំងជំនួយឥតសំណងពីកម្មវិធីសន្ដិសុខស្បៀងកសិកម្មសកលនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
នាយកកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំអង្ករចេញ Rice-SDP ខេត្តបាត់ដំបង លោក ឈឹម សាបុន បានបញ្ជាក់ថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែរនេះគឺជាបច្ចេកវិទ្យាទើបតែនាំចូលមកក្នុងប្រទេសកម្ពុជា ដែលកំពុងតែធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករទូទៅ ដោយសារតែក្រោយការកៀរដីរួចធ្វើឲ្យការគ្រប់គ្រងទឹក បានល្អ កាលណាដីរាបស្មើទឹកនៅពេញស្រែទាំងអស់ គ្មានខ្ពស់ទាប បើសិនជាមិនមានទឹកគ្រប់គ្រាន់ទេ ការបូមទឹកក៏ត្រូវចំណាយប្រេងតិច ចំណាយរយៈពេលនៃការបូមទឹកក៏តិចគឺអាចចំណេញពេលវេលា ប្រហែល៥០% ហើយអត្ថប្រយោជន៍សំខាន់មួយទៀត ពេលយើងត្រូវបាចជីវានឹងរត់ស្មើគ្នា ធ្វើឲ្យដំណាំស្រូវរបស់យើងមានលទ្ធភាពស្រូបយកជីទាំងអស់ដែលយើងបាន បាចចូលទៅក្នុងស្រែ ។
អនុប្រធាននាយកដ្ឋានវិស្វកកម្មនៃនាយកដ្ឋានកសិកម្មក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ លោក សេង សាវ៉ាត់ បានបញ្ជាក់ថា ការកៀរពង្រាបដីបានស្មើល្អគឺយើងអាចគ្រប់គ្រងបាននូវកត្តាចង្រៃជាច្រើនដូចជាស្មៅដុះត្រូវទឹកលិចងាប់អស់ជាពិសេសសត្វល្អិតឬក្តាមជាដើម កាលណាមានទឹកតិចវាងាប់ឬរត់ទៅរកទឹកជ្រៅ អ្វីដែលសំខាន់ជាងនេះទៀតនោះការកៀរពង្រាបដីស្រែបានស្មើល្អ ដំណាំស្រូវទុំបានស្មើគ្នាធ្វើឲ្យគ្រាប់ស្រូវបានធំដូចគ្នា ជាពិសេសទទួលបានទិន្នផលបន្ថែមពី១៥% ទៅ២០% ហើយផ្ទៃដីរបស់យើងមានទំហំពីតូចទៅជាធំ មានន័យថាផ្ទៃដីតូចៗដែលមានភ្លឺស្រែ ក៏ត្រូវរំលាយចូលគ្នា ចំណេញបានពី៥ទៅ៧%ទៀត ដើម្បីបង្កើនផ្ទៃដីដាំដុះ ហើយកត្តាមួយទៀតពេលដែលយើងកៀរពង្រាបដីបានល្អហើយ គេអាចប្រមូលផលបានស្រួលនៅពេលដែលបញ្ចូលគ្រឿងចក្រមិនពិបាក ហើយការបាត់បង់ក៏ថយចុះដែរ ។ លោក សេង សាវ៉ាត់ បានលើកឡើងថា ប្រភពថវិកាដែលទទួលបានសម្រាប់អនុវត្តគម្រោងជំរុញផលិកម្មស្រូវនិងការនាំចេញអង្ករនេះត្រូវបានចាត់ចែងឲ្យប្រើប្រាស់និងដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានភ្នាក់ងារអនុវត្តចំនួន៦ មានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងខេត្តចំនួន៣គឺខេត្តបាត់ដំបង កំពង់ធំនិងខេត្តព្រៃវែង ដោយឡែកខេត្តបាត់ដំបង មានស្រុកគោលដៅចំនួន៤គឺ ស្រុកបវេល ថ្មគោល មោងឫស្សី និងស្រុករុក្ខគិរី ។ តាមរយៈនៃការបណ្តុះបណ្តាលនេះសង្ឃឹមថា ប្រជាកសិករទាំងអស់នឹងបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការកៀរពង្រាបដីីធ្វើឲ្យការចំណាយថ្លៃដើមក្នុងខ្សែសង្វាក់ផលិតកម្មដំណាំស្រូវបានកាត់បន្ថយ ជាការចំណេញថវិកាបានមួយផ្នែក ហើយជីវភាពរបស់ប្រជាកសិករនឹងមានភាពធូរធារជាបន្តបន្ទាប់ផងដែរ ៕
No comments:
Post a Comment