ពិធីបើកការដ្ឋានសាងសង់អាគារសិក្សា ១ខ្នង ៦បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Tuesday, December 25, 2018

ពិធីបើកការដ្ឋានសាងសង់អាគារសិក្សា ១ខ្នង ៦បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា

កំពង់ធំ៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកការដ្ឋានសាងសង់អគារសិក្សា១ខ្នង ៦បន្ទប់ ក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ បានអញ្ជើញថ្លែង សុន្ទរកថាស្វាគមន៍ ក្នុងនោះបានឱ្យដឹងថាបច្ចុប្បន្នស្រុកបារាយណ៍ មានសាលាចំនួន១៣៨ មាន ១៤០ថ្នាក់ និង១១២០បន្ទប់សិក្សា មានគ្រូចំនួន១២៨០នាក់ និងសិស្សចំនួន ៤១.៣១៩នាក់ ។ ថ្ងៃនេះ ប្រជាជនក្នុងស្រុកបារាយណ៍ យើងមានសេចក្តីរីករាយជាអនេកកប្បការ និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ដោយទទួលបានសមិទ្ធិផលថ្មីបន្ថែមទៀតគឺ អគារសិក្សា១ខ្នង ៦បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ដោយបានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានរួមវិភាគទានដ៍ថ្លៃថ្លា ក្នុងការកសាងអគារសិក្សា១ខ្នង ៦បន្ទប់ ក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ ឆ្លើយតបសំណូមពររបស់ប្រជាជន លោកគ្រូ អ្នកគ្រូ ក្នុងឃុំក្រវ៉ា ឃុំចើងដើង ឃុំបាក់ស្នា និងឃុំគរគីធំ ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានមាន ប្រសាសន៍អំពីប្រវត្តិ ក៏ដូចជាមូលហេតុកកើតសាលាវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា តាំងពីអណត្តិទី១ នៃរដ្ឋសភា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយះលោកតាអាចារ្យម្នាក់ក្នុងវត្តក្រវ៉ា ក៏ដូចតាមរយះ ឯកឧត្តមបណ្ឌិត ផ្ទាល់ ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍បញ្ជាក់ថា សាលារៀន គឺផ្តល់នូវទុនមនុស្សសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយទុនផ្សេងៗទៀត មានផ្លូវ ភ្លើង ទឹកជាដើម និងបកស្រាយអំពីដំណើរការរបស់ប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ន យើងទទួលបាននូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។



No comments:

Post a Comment