កាលរសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Oh Nak-Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការគម្រោងជំនួយលើវិស័យធនធានទឹក ។

នៅក្នុងមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកជួយជ្រោមជ្រែង ដល់ដំណើរការអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងជាពិសេសលើវិស័យធនធានទឹកដែលបច្ចុប្បន្ននៅតែជាអាទិភាពមួយសំខាន់ដើម្បីដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការជម្រុញកំណើនលូតលាស់សេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារជាអាទិភាពនាពេលបច្ចុប្បន្ន និងចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញនូវសេចក្តីរីករាយដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍនិងការរីកលូតលាស់សេដ្ឋកិច្ចឲ្យបានកាន់តែប្រសើរថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយរបស់សាធារណរដ្ឋកូរ៉េដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខទៀត។
ក្នុងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានផ្តោតលើវឌ្ឍនភាពការងារនៃគម្រោងលើវិស័យធនធានទឹក ដែលបានអនុវត្តក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋកូរ៉េ និងតម្រូវការលើគម្រោងបន្តចំពោះមុខ ដោយក្នុងនោះ សាធារណរដ្ឋកូរ៉េ នឹងបន្តរួមចំណែកជួយលើគម្រោងការគ្រប់គ្រងធនធានទឹកនៅតំបន់ដីសណ្តទន្លេមេគង្គ ការធ្វើទំនើបកម្មប្រព័ន្ធតាមដានស្វ័យប្រវត្តិផ្នែកឧតុនិយម និងការគ្រប់គ្រងទិន្នន័យធនធានទឹក ជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រនិងជួយពីសាធារណរដ្ឋកូរ៉េដល់ការអភិវឌ្ឍកម្ពុជា និងដោយឡែកលើការជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក នៅកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត។ ទិសដៅបន្ត ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ សម្រាប់វិស័យធនធានទឹកនៅកម្ពុជា។
សូមជម្រាបថា ពាក់ព័ន្ធនឹងវិស័យធនធានទឹក រហូតមកដល់ពេលនេះ សាធារណរដ្ឋកូរ៉េ បាននឹងកំពុងជួយដល់កម្ពុជាលើគម្រោង៖ ទី១) គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ទឹងសង្កែ ខេត្តបាត់ដំបង ទី២) គម្រោងទំនប់ពហុបំណងដូនទ្រី ស្ទឹងមោងឬស្សី ខេត្តបាត់ដំបង និងទី៣) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយគ្រោះទឹកជំនន់ ខេត្តបន្ទាយមានជ័យ។
No comments:
Post a Comment