ពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Sunday, May 3, 2020

ពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd

នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣  ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

តាមអ្វីដែលអ្នកបច្ចេកទេសចិញ្ចឹមបានឲ្យដឹងថា កសិដ្ឋានបានចាប់ ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ ៥០ តោននៅរយៈពេល ៦ខែ និងគ្រោងផលិតកូនឱ្យបាន ៥-១០លានកូននៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥$/kg  នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥$/kg។ ផ្ទៃដីដែលបាននិងកំពុងចិញ្ចឹមមានចំនួន ២៥ហ.ត នឹងធ្វើការពង្រីកដល់ ១០០ហ.ត នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហ.ត សម្រាប់ផលិតបង្កងសាច់ ៣០ហ.ត សម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។ 

ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមបង្កងអូស្រ្តាលី (ពូជបង្កងថ្មី) ប្រកបដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងវិវឌ្ឍន៍រីកចម្រើនជាបណ្តើរៗ ឯកឧត្ដមរដ្ឋមន្រ្តី និងឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរដ្ឋបាលជលផលបាន និងកំពុងជំរុញ និងលើកទឹកចិត្តឱ្យកសិករចិញ្ចឹមជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណ: សាមញ្ញ និងទទួលបានកម្រៃខ្ពស់។ លោកបានសម្តែងការគាំទ្រចំពោះផែនការផលិតកម្មនាពេលអនាគត ព្រោះវាពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ដីឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសបង្កើតកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយអភិបាលខេត្ត លោកសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀតដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិអំណោយផលក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។ លោកបានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញតាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។ រដ្ឋបាលជលផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតចុះសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស។

No comments:

Post a Comment