ប្រវត្តិអ្នកចម្រៀងនារី ឃាមសោភ័ណ្ឌ ម្ចាស់បទ ខកចិត្តនៅស្ទឹងមានជ័យ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Monday, November 18, 2019

ប្រវត្តិអ្នកចម្រៀងនារី ឃាមសោភ័ណ្ឌ ម្ចាស់បទ ខកចិត្តនៅស្ទឹងមានជ័យ


នៅក្នុងគ្រួសារមួយដ៏ធំនៅភូមិរតន: ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង(ជំនាន់សង្គមរាស្រ្តនិយម) អ៊ំប្រុសខ្ញុំ (ឃាមសាយ) មានភរិយាបីនាក់ (អ៊ំឡាង អ៊ំផុន និង អ៊ំយ៉ា) រស់នៅក្នុងផ្ទះជាមួយគ្នា។

អ៊ំឡាងមានកូនប្រុសម្នាក់ ឈ្មោះបងនី។ អ៊ំផុនជា អ៊ំស្រីបង្កើតរបស់ខ្ញុំ និងជាម្តាយ ឃាមសុភាព ឃាមសោភ័ណ្ឌ ឃាមសុផា និង ឃាមសុផាន់ឌី ។ អ៊ំយ៉ាមានកូនស្រីម្នាក់ ឈ្មោះសុន។កូនទាំង៦នេះ ហៅម៉ែគ្រប់គ្នា ដោយមិនប្រកាន់ ហើយថែមទាំងចេះ ថែរក្សាគ្នាទៀតផង។

ក្រោយមកអ៊ំស្រីម្តាយ សោភ័ណ្ឌ បានធ្វើមរណកាលទៅ ដោយជំងឺគ្រុនចាញ់។ រូបខ្ញុំផ្ទាល់ បានមករស់នៅជាមួយ អ៊ំប្រុសឃាមសាយ រយ:ពេល២ឆ្នាំ(១៩៦០)។ ពួកខ្ញុំធ្លាប់នៅគេង មុងជាមួយគ្នា ក្នុងវ័យកុមារភាព។ ដល់ចំរើនវ័យបន្តិចមក លោកឪពុកខ្ញុំ បានសង់ផ្ទះមួយទៀត នៅភូមិវត្តសរភី។ ឃាម សោភ័ណ្ឌ បានចូលរៀន សាលាបឋមសិក្សា បូព៌ាសាលា។

ចាប់តាំងពីឆ្នាំ១៩៦៥មក ឃាម សោភ័ណ្ឌ បានរៀនច្រៀងតាមវិទ្យុ។នាងចូលចិត្តច្រៀង តាមលំនាំបទ អ្នកស្រីប៉ែនរ៉ន ដូចជាបទ សំនៀងកូនមាសម្តាយ។ មុនហ្នឹងចេញពី សាលា រាល់ល្ងាច លោកគ្រូអ្នកគ្រូ តែងតែសុំ សោភ័ណ្ឌ ច្រៀងមួយបទ មុនហ្ឹងចេញទៅផ្ទះ។ តំណតមកទៀត មានការប្រលងចំរៀង នាងតែងបានជាប់ ចំណាត់ថ្នាក់លេខ១ ជារៀងរាល់ឆ្នាំ ពេលមាន បញ្ចប់ការសិក្សាម្តងៗ។

នៅឆ្នាំ១៩៦៧ សោភ័ណ្ឌ បានត្រូវអ៊ំប្រុសខ្ញុំ អនុញ្ញាតអោយទៅ ប្រលងចំរៀង នៅទីក្រុងភ្នំពេញ (នៅក្នុងសមាជជាតិ នៅវាលមែន=វាលព្រះមេរុ) ដោយមានការផ្សាយផ្ទាល់ តាមវិទ្យុឃោសនាការ ផង។ នាងត្រូវបានជាប់ ចំណាត់ថ្នាក់លេខ១ អ្នកស្រីហែមសុវណ្ណ ជាប់ចំណាត់ថ្នាក់លេខ២។ នាងត្រូូវបាន ក្រសួងឃោសនាការ អោយចូលច្រៀង នៅវង់តន្ត្រីវិទ្យុជាតិ ដែលមានអ្នកស្រីហួយមាស និងអ្នកចំរៀងស្រី ជាច្រើនរូបទៀត ជួយបង្ហាត់បង្រៀន។

បទទិមួយ របស់សោភ័ណ្ឌ គឺបទ ខកខ្លួននៅស្ទឹងមានជ័យ និពន្ធដោយ លោកហេងហ៊ួវែង។ ជាបន្តបន្ទាប់ មានបទ ស្អែកមួយពាន់ដង បទមេអំបៅព្រាត់គូ និង មានបទមួយទៀត ជាចង្វាក់រាំវង់ ច្រៀងជាមួយលោកអ៊ឹមសុងសឺម (មិនចាំឈ្មោះបទ)។ នាងត្រូវបានអញ្ជើញ ទៅច្រៀងតាម រង្គសាលនានា នៅពេលរាត្រី ហើយមានម៉ែមួយ ទៅជាមួយជានិច្ច។ នៅភ្នំពេញ នាងច្រៀងបានតែ ៥ឬ៦បទប៉ុណ្ណោះ ជាមួយ តន្ត្រីវិទ្យុជាតិ។ អ៊ំប្រុសខ្ញុំ បាននាំនាង មករស់នៅ ក្រុងបាត់ដំបងវិញ ដោយសារ នាងនៅវ័យក្រមុំ មានកន្លង់ចោមរោម និង មិនមានសុវត្ថិភាពផង។

ពេលមកដល់បាត់ដំបង នាងត្រូវបានគេអញ្ជើញ ទៅច្រៀងតាម ពិធីការនានា និង ពិធីមហោស្រពផង មិនថាជិតឬឆ្ងាយ។ ក្រោយមក នាងបានរៀបការ (មិនចាំឆ្នាំ) បានកូនប្រុសមួយ។ នៅក្រុងបាត់ដំបង សម័យនោះ ក្រសួងឃោសនាការ ក្រុងបាត់ដំបង និយមចាក់បទ ស្ទឹងខៀវ (រស់សេរីសុទ្ធា) និង បទ ខកខ្លួននៅស្ទឹងមានជ័យ (ឃាម សោភ័ណ្ឌ )។

នៅឆ្នាំ១៩៧៥ គ្រួសារសោភ័ណ្ឌ និងគ្រួសារខ្ញុំ ត្រូវបានខ្មែរក្រហម ជន្លៀសទៅនៅ តាប៉ុនស្ទឹងចាស់។ ក្នុងរយ:ពេល ជាងមួយឆ្នាំ យ៉ាងសែនលំបាក ពេលមួយប្តីរបស់នាង ឈឺខ្លាំង នាងបានជិះកង់ ទាំងភ្លៀង ទៅរកដោះដូររកថ្នាំ អោយប្តី ស្រាប់តែដួលកង់ ហើយត្រឡប់មកដល់ផ្ទះ ក៏មានជំងឺទាស់ ដែលនាងទើបនឹងមានកូនខ្ចី។មានគេម្នាក់ រត់ទៅប្រាប់ខ្ញុំថា សោភ័ណ្ឌ បានស្លាប់ហើយ (ពេលនោះ ខ្ញុំកំពុងភ្ជួរស្រែ ក្នុងសម័យប៉ុលពត)។ ឮដូច្នេះ ខ្ញុំស្ទើរតែបាត់វិញ្ញាណ នៅហ្នឹងខ្លួន។ បានមួយយប់ព្រឹកឡើង ក្រុមគ្រួសារនាង និងក្រុមគ្រួសារខ្ញុំ បាននាំយកសពនាង ទៅបញ្ចុះនៅវត្តថ្មី ក្បែរសពអ៊ំប្រុស ឃាមសាយ ដែលជាឪពុកនាង នៅភូមិឈូងតាដក់។

រាល់ថ្ងៃនេះ ឃាមសុភាព បានត្រូវប្អូនស្រីខ្ញុំ ធានាទៅរស់នៅ ប្រទេសអូស្ត្រាលី។ឃាមសុផា បានស្លាប់ នៅសម័យយួនចូល និងឃាមសុផាន់ឌី រស់នៅម្តុំភូមិរតន: ដដែល (ចាស់ៗអស់ហើយ)។ ចំណេកឯរូបភាព សោភ័ណ្ឌ បានបាត់អស់ នៅសម័យប៉ុលពត។សោភ័ណ្ឌ មានរូបរាងស្រដៀងគ្នា នឹងទូចស្រីនិច តែមានមុខមាត់ កាត់ទៅខាងឪពុក មានចរិតស្លូតបូត ចេះគិតវែងឆ្ងាយ មុនហ្នឹងធ្វើអ្វីមួយ។ ស្តាយណាស់ ដែលខ្ញុំបានបាត់បង់ ប្អូនស្រីដែលជាទីស្រឡាញ់។

No comments:

Post a Comment