ជីវប្រវត្តិ
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ ប្រជាប្រិយភាព របស់ លោក ស៊ីន-ស៊ីសាមុត មិនបាន ធ្វើឱ្យចុះ ទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀត ដូចជា លោក អ៊ឹម-សុងសឺម និង អ្នក ស្រីហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យា ល័យវិចិត្រសិល្បៈ ភ្នំពេញ (សាលា រចនា) មាន កិត្តិនាម ល្បី តាម រយៈ បទ លលក ញី ឈ្មោល នៅ ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ របស់ តារា ចម្រៀង ល្បី ៗ ទាំង នេះ បាន ដោយ សារ ទឹក ដៃ និពន្ឋ របស់ កវី ម៉ា-ឡៅពី ដែល បាន និពន្ធ បទ ល្បី ៗ ដូច ជា បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា ដើម ។ លោក ម៉ា-ឡៅពី បាន លា ចាក លោក នៅ រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន តែ ច្រៀង និង មិន សូវ និពន្ធ បទ ភ្លេង ទេ ។ បទ ចម្រៀង ល្បី របស់ លោក គឺ បទ កោះត្រល់ ដែល បាន ថត នៅ ឆ្នាំ ១៩៦៣ នៅ តែ ដក់ ជាប់ ក្នុង ដួង ចិត្ត ខ្មែរ គ្រប់ រូប ដែល សោក ស្តាយ នូវ ការ បាត់ បង់កោះត្រល់ ទៅ វៀតណាម ។ លោក អ៊ឹម-សុងសឺម និង អ្នក ស្រី ហួយ-មាស តែង តែ ទៅ តាម សម្តេច ព្រះបាទនរោត្តម-សីហនុ ពេល ទ្រង់ ចុះ ទៅ ទស្សនកិច្ច តាម ខេត្ត ដើម្បី ច្រៀង បទ ចម្រៀង ប្រជាប្រិយ មាន រាំ វង់ ជា ដើម សម្រាប់ កំដរ បង ប្អូនប្រជាពលរដ្ឋ ដែល ទៅ ទទួល ស្វាគមន៍ ព្រះ ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏ ជា អ្នក ចម្រៀង ល្បី នា សម័យ នោះ ដែរ តាម រយៈ បទអាកាសយាន ។ អ្នក គាំ ទ្រ លោក សុះម៉ាត់ ភាគ ច្រើន ជា អ្នក ដែល មិន និយម បទ ថ្មី ៗ របស់ លោក ស៊ីន-ស៊ីសាមុត ដែល ចេញ ក្រោយ ទេ ។
កុមារភាព
លោក ស៊ីន-ស៊ីសាមុត ចាប់ កំណើត នៅ ថ្ងៃ ២៣ សីហា ១៩៣២ នៅ ខេត្តស្ទឹងត្រែង ។ លោក ជា កូន ប្រុស ពៅ នៃ បណ្ដា បង ប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) របស់ លោក ស៊ីន-លាង និង អ្នក ស្រី ស៊ីន-ប៊ុនលឿ ដែល ជា កូន កាត់ ឡាវ-ចិន ។ លោក ឪពុក របស់ លោក ជាឆ្មាំយាម ពន្ឋនាគារ នៅ ខេត្តបាត់ដំបង និង ជា ទាហានបដិវដ្តន៍ ប្រឆាំង អាណានិគម បារាំង ។ លោក ឪពុក របស់ លោក បាន លា ចាក លោក ដោយ ជំងឺ ហើយ ម្តាយ របស់ លោក ក៏ រៀប ការ ម្តង ទៀត ដែល អាពាហ៍ពិពាហ៍ ក្រោយ នេះ បន្សល់ ទុក នូវ កូន ២ នាក់ ទៀត ។ លោក ស៊ីន-ស៊ីសាមុត បាន ចូល រៀន នៅ សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល អាយុ ៥ ឆ្នាំ ។ លោក ជា ក្មេង ល្អ និងទទួល បាន ការ ស្រឡាញ់ ចូល ចិត្ត ពី គ្រូ និង មិត្ត រួម ថ្នាក់ ។ លោក មាន និស្ស័យ ជាមួយ សិល្បៈ តាំង ពី អាយុ ៦ ឬ ៧ ឆ្នាំ ដោយ ចូល ចិត្ត កូត ទ្រ ដេញ ម៉ង់ដូលីន និង ចាប៉ី ។ ជា ញឹក ញាប់ លោក ត្រូវ បាន សាលា សុំ ឲ្យ លេង ម៉ង់ដូលីន ក្នុង ពិធី បុណ្យ ផ្សេង ៗ នៅ សាលា ។ កាល ពី កុមារ លោក ជា ក្មេង សុភាព ស្រគត់ ស្រគំ ចិត្ត ល្អ និង ចេះ អាណិត អាសូរ អ្នក ដទៃ ។ គេ និយាយ ថា លោក និយាយ ទៅ កាន់ មនុស្ស គ្រប់ គ្នា ដោយ សំដី ទន់ ភ្លន់ និង ផ្អែម ល្ហែម ។ លោក តែង ទៅលេង វត្ត នៅ ក្បែរ ផ្ទះ ជា ញឹក ញាប់ និង បាន និយាយ លេង ជាមួយ ព្រះសង្ឃ នា ពេល ទំនេរ ។ លោក មាន និស្ស័យ នឹង ព្រះពុទ្ធឋសាសនា ដោយ លោក បាន សុំ រៀន ភាសាបាលីពី ភិក្ខុ មួយ អង្គ ។ លោក ចូល ចិត្ត អាន សៀវភៅ ទាត់បាល់ និង បង្ហោះ ខ្លែង ។ ចំពោះ ការ បរិភោគ ចូល ចិត្ត ញ៉ាំ តែ ម្ហូប គោក មាន សាច់ មិន ចូល ចិត្ត ញ៉ាំ បន្លែ ទេ ។ ពងទាចៀន ជា ម្ហូប ដែល លោក ចូល ចិត្ត ញ៉ាំ ជា ប្រចាំ ។ លោក បញ្ចប់ ការ សិក្សា ចំណេះ ទូទៅ នៅ ឆ្នាំ ១៩៥១ ហើយ ក៏ បាន បន្ត ការ សិក្សា នៅ សាលាវេជ្ជសាស្ត្រ នៅ ភ្នំពេញ ដោយ ស្នាក់ នៅ ជាមួយឪពុកមារបស់ លោក ។ ទោះ ជា មមា ញឹក នឹង កិច្ចការ រៀន សូត្រ នៅ សាលា វេជ្ជសាស្ត្រយ៉ាង ណា ក៏ ដោយ លោក នៅ អាច ឆ្លៀតពេលទំនេរ ដើម្បី រៀន ច្រៀង និង និពន្ធ បទភ្លេង ដែរ ។ ក្នុង កំលុង ពេល នោះ លោក កម្រ ចេញ ទៅ ដើរ លេង ខាង ក្រៅ ណាស់ ដោយ សារ ប្រាក់ឧបត្ថម្ភពី មាតាបិតាលោក គ្រប់ គ្រាន់ ល្មម សម្រាប់ ចាយ វាយ ក្នុង ការ សិក្សា ប៉ុណ្ណោះ ។ ហេតុ នេះ លោក តែង ចំណាយ ពេល ទំនេរ របស់ លោក ដើម្បី សិក្សា បទ ភ្លេង និង ហាត់ ច្រៀង ។ ដោយ មាន ការ គាំ ទ្រ ពី មិត្ត ភក្ដិ ដូច កាល ពី នៅ បឋមសិក្សា ឋាន ដែរ លោក ចាប់ ផ្តើម ល្បី នៅ សាលា របស់ លោក ថា ជា អ្នក មាន ទេពកោសល្យ ខាងតន្ត្រី និងចម្រៀង ហើយ លោក ត្រូវ បាន គេ សុំ ឲ្យ ច្រៀង នៅ រាល់ កម្មវិធី របស់ សាលា ។ នៅ ឆ្នាំ ដដែល នោះ លោក បាន បង្កើត ក្រុម តន្ត្រី មួយ ឈ្មោះ ថា ព្រះច័ន្ទរស្មី ដែល មាន សមាជិក ៩ នាក់ ។ មិន យូរ ប៉ុន្មាន ក្រោយ មក ក្រុម តន្ត្រី របស់ លោក ទទួល បាន ការ គាំ ទ្រ ពេញ និយម ពី សំណាក់ប្រជាពលរដ្ឋ ក្រុង ភ្នំ ពេញ ។ ដោយ មាន ភាព ល្បី ល្បាញ នេះ នៅ ដើម ឆ្នាំ ១៩៥៣ ក្រុម តន្ត្រី របស់ លោក ត្រូវ បាន វិទ្យុ ជាតិ អញ្ជើញ ឲ្យ ចូល ប្រគំរួម ជាមួយ ក្រុម តន្ត្រី វិទ្យុ ជាតិ ឈ្មោះ រាជសីហ៍ ។ ពេល កិត្តិសព្ទ របស់ លោក ចាប់ ផ្ដើម ល្បី ពាស ពេញ ភ្នំ ពេញ លោក ក្លាយ ជា អ្នក ចម្រៀង ពាក់ កណ្ដាល អាជីព ដោយ ជា រឿយ ៗ លោក តែង ចេញច្រៀងតាមវិទ្យុ និង ពិធី មង្គលការ ផ្សេង ៗ ។ ជា អកុសល មាតា បិតា របស់ លោក មិនសប្បាយ ចិត្ត នឹង ឮ លោក ច្រៀង តាម វិទ្យុ ទេ ។ មាតា បិតា របស់ លោក ចង់ ឲ្យ លោក ក្លាយ ជា វេជ្ជបណ្ឌិត និង បារម្ភថា ចម្រៀង នឹងរំខាន ដល់ការ សិក្សារបស់លោក ។ ប៉ុន្តែ វាសនា បាន ចារ ថា លោក ស៊ីន-ស៊ីសាមុត ត្រូវតែក្លាយជាអ្នកចម្រៀងទោះជាមានការជំទាស់ ពីគ្រួសារយ៉ាងណាក៏ដោយ ។
អាជីពជាសិល្បករ
ពេល ដែលកម្ពុជា បានទទួលឯករាជ្យបរិបូរណ៍ពីបារាំង នៅ ឆ្នាំ១៩៥៣ លោក ចាប់ផ្តើមអាជីពជា សិល្បករ របស់ លោក ដោយ ក្លាយ ជា អ្នក ចម្រៀង ប្រចាំ អោយ ស្ថានីយ៍វិទ្យុ ជាតិ ។ លោក បន្ត ការ សិក្សា វេជ្ជសាស្ត្រ រហូត ដល់ ចប់ និង ចូល បម្រើ ការ ងារ នៅ មន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត និពន្ធ បទ ភ្លេង ដោយ ប្រើ ម៉ង់ដូលីន ។ បទ ចម្រៀង របស់ លោក ជា ទូទៅ មាន លក្ខណៈ មនោសញ្ចេតនា លន្លង់ លន្លោច ដោយ ឆ្លុះ បញ្ចាំង អំពី ស្នេហា សុភមង្គល ឈឺ ចាប់ និង ស្រមើស្រមៃ ។ ទេពកោសល្យ សិល្បៈ របស់ លោក បាន ដោយ ការ ព្យាយាម ដុស ខាត់ ទេពកោសល្យ ពី កំណើត របស់លោក ។ គេ និយាយ ថា លោក បាន ប្រើ ប្រាស់ វចនានុក្រម ដល់ ទៅ ៣ ដោយ គ្រាន់ តែ ចង់ មើល តើ ពាក្យ មួយ សរសេរ ត្រឹម ត្រូវ ឬ អត់ ក្នុង ភាសាខ្មែរ សំស្ក្រឹត និងបាលី ។ ចម្រៀង ភាគ ច្រើន របស់ លោក ផ្អែក លើ ជីវិត ពិត និង អារម្មណ៍ របស់ អ្នក ស្ដាប់ ។ មិត្ត អ្នក ស្ដាប់ តែង តែ យក រឿង រ៉ាវ ផ្ទាល់ ខ្លួន គេ មាន ទាំង ស្នេហា និង ការ បាត់ បង់ សប្បាយ និង ឈឺ ចាប់ សម្រាប់ ឲ្យ លោក ស៊ីន-ស៊ីសាមុត និពន្ធ ចម្រៀង ដោយ ផ្អែក លើ រឿង ពិត នេះ ។ ហេតុ នេះ អត្ថន័យ ក្នុង ចម្រៀង របស់ លោក ភាគ ច្រើន ជា រឿង ពិត របស់ មិត្ត អ្នក ស្ដាប់ របស់ លោក ។ ពេល ដែល លោក ច្រៀង គ្រប់ ពាក្យ គ្រប់ ម៉ាត់ គឺ ច្បាស់ ៗ មួយ ៗ ។ លោក តែង ប្រយ័ត្ន ក្នុង ការ បញ្ចេញ សំឡេង អោយ ត្រឹម ត្រូវ តាម ការ សរសេរ ដោយ មិន ប្រើ សំនៀង ក្នុង ភាសា និយាយ ទេ ។ សំនៀង ដ៏ ក្រអួន មាន ទឹក ដម ហើយ អាច បត់ បែន កាច់ កុង តាម តែ លោក ចង់ បាន មិន ភ្លាត់ មិនភ្លាវ ហើយ ខ្យល់ សំនៀង ដាក់ ត្រូវ តាម អត្ថន័យ បទ នីមួយ ៗ ប្លែក ៗ គ្នា ទៀត ផង ។ ចំណុច លេច ធ្លោ មួយ ទៀត នៃ សំនៀង របស់ លោក គឺ ណែន ពីរោះ ច្បាស់ គ្មាន បន្លំ គ្មាន លួច បំភ័ន្ត អ្នក ស្តាប់ មួយ ពាក្យ ឬ មួយ ឃ្លា ណា ឡើយ ។ សូរ សព្ទ សំនៀង ដែល លោក បន្លឺ ពេញ ចំ ជា ពាក្យ ខ្មែរ ត្រូវ តាម អក្ខរាវិរុទ្ធ ហើយ អ៊ឺន សំឡេង ទៀត សោត ទោះ ជា ដាក់ ទាប ឬ លើក ខ្ពស់ ក៏ លោក រក្សា បាន នូវ កម្រិត សំឡេង ដដែល ហាក់ គ្មាន ប្រឹង បង្ខំ បន្តិច ណា ឡើយ ។
ដោយ សារ សំឡេង ទន់ ត្រជាក់ ណែន ក្រអួន របស់ លោក ស៊ីន-ស៊ីសាមុត កាន់ តែ ពីរោះ ឈ្មោះ របស់ លោក បាន កាន់ តែ លេច ត្រដែត ក្នុង ចំណោម មហាជន ទើប នៅ ដើម ទសវត្សរ៍ ៥០ លោក បាន ត្រូវ ម្ចាស់ ក្សត្រី កុសុមៈនារីរ័ត្ន សព្វ ព្រះ រាជ ហឫទ័យ អនុញ្ញាត អោយ លោក ចូល ក្នុង វង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមាន លោក សុះ-ម៉ាត់ ដែរដើម្បីសម្តែងក្នុងពិធីគារវកិច្ច ក៏ដូចជា លៀង សាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ១៩៧០ ។ ក្រៅពីចម្រៀង សម័យលោកក៏ច្រៀង ចម្រៀងបុរាណ និង ប្រពៃណី ដែរ ដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេនិងបាសាក់ផងដែរ ។
នៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ ៥០ បទវីយ៉ូឡុងស្នេហាដែលនិពន្ធ ដោយតន្រ្តីករវីយ៉ូឡុងហាស់-សាឡន បានជំរុញកិត្តិសព្ទ លោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ ។ បទចម្រៀងល្បីៗរបស់ លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ ភ្នំក្រវាញ បទចុង ស្រល់ បទ ថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសម្រស់ឆ្នេរកែប បទស្ទឹង ពោធិ៍សាត់ និងបទព្រែកឯងអស់សង្ឃឹម។
No comments:
Post a Comment