ពោធិ៍សាត់ ៖ ក្រសួងបរិស្ថានរៀបចំកម្មវិធីបញ្ជ្របមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្ត មន្រ្តីពាក់ព័ន្ឋ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។

លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលបានរៀបចំឡើងនាពេលនេះ គឺជាការចូលរួមចំណែកជំរុញសកម្មភាពអប់រំផ្សព្វផ្សាយ និងបញ្ច្រាបចំណេះដឹងក្នុងការប្រតិបត្តិល្អមេត្រីភាពបរិស្ថាន សំដៅរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងរស់នៅប្រកបដោយចីរភាព ។ លោកជំទាវបន្ថែមថា គោលបំណងសំខាន់ៗនៃកម្មវិធីនេះ គឺ ៖
១ - បញ្ជ្របនិងលើកកម្ពស់ការយល់ដឹងមេត្រីភាពបរិស្ថានដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់
២ - ជំរុញទម្លាប់ល្អខាងប្រតិបត្តិការណ៍មេត្រីភាពបរិស្ថាន
៣ - ជំរុញការចូលរួមពីសាធារណៈជន ( ទាំងរូបវ័ន្តបុគ្គល និតិបុគ្គល សហគមន៍មូលដ្ឋាន ) នៅក្នុងសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន ការប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព
៤ - លើកទឹកចិត្តដល់រូបវ័ន្តបុគ្គល និងនិតិបុគ្គលក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន បានល្អស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងការវាយតម្លៃគុណវុឌ្ឍិ ។
ឯកឧត្តម ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ការងារសំខាន់របស់យើងទាំងអស់គ្នា គឺរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន ក្នុងនោះត្រូវចេះស្រលាញ់បរិស្ថានជុំវិញខ្លួន ហើយចូលរួមទទួលខុសត្រូវលើបញ្ហាបរិស្ថាន និងភាពស្និតស្នាលជាមួយមជ្ឍដ្ឋាននៃការរស់នៅរបស់យើងគ្រប់គ្នា ។ ជាមួយគ្នានេះគប្បីយកចិត្តទុកដាក់សំអាត និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចូលរួមការពារធនធានធម្មជាតិ ដើម្បីឱ្យការរស់នៅប្រកបដោយសុខមាលភាព ។ បរិស្ថានស្អាតគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបក្នុងសហគមន៍ មិនមែនជាកាតព្វកិច្ចរបស់បុគ្គណាម្នាក់ឡើយ ប៉ុន្តែវាជាការចូលរួមទាំងអស់គ្នា និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ គាង មានប្រសាសន៍ថា កម្មវិធីនាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងវិស័យបរិស្ថាន ហើយប្រធានបទសំខាន់ផ្តោតលើពាក្យថា មេត្រីភាពបរិស្ថាន សំដៅដល់ក្តីស្រលាញ់ និងការរួមគ្នាទទួលខុសត្រូវ និងភាពស្និតស្នាល ជាមួយមជ្ឍដ្ឋាននៃការរស់នៅរបស់យើងគ្រប់គ្នារួមមាន ៖ ធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ឋអេកូឡូស៊ី។ល។ ឯកឧត្តមបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងស្តីពីមេត្រីភាពបរិស្ថាន តាមរយៈកម្មវិធីបញ្ជ្រាបមេត្រីភាពបរិស្ថាន សកម្មភាពបញ្ជ្រាបចំណេះដឹងបរិស្ថានផ្សេងៗតាមរយៈការសម្តែង ខ្លឹមសារបទចម្រៀង ការផ្សព្វផ្សាយវីដេអូឯកសារ ទាំងអស់នេះសុទ្ឋតែជាចំណុចសំខាន់សម្រាប់ការយល់ដឹង និងការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានទាំងអស់គ្នា គឺយើងទាំងអស់គ្នា រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន ។
សូមបញ្ជាក់ថា កម្មវិធីបញ្ជ្របមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន នៅខេត្តពោធិ៍សាត់ គឺមានកិច្ចចូលរួមសហការពីសំណាក់អាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ជាពិសេសស្ថានីយ៍វិទ្យុនិងទូរទស្សន៍អប្សរា ដោយក្នុងនោះមានការប្រគុំតន្រ្តី វីដេអូផ្សព្វផ្សាយពាក់ព័ន្ឋបរិស្ថាន កំប្លែងស្តីពីការណែនាំពីបរិស្ថាន ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ៕
No comments:
Post a Comment