នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការ ស្វីស (SDC) ប្រចាំអាស៊ីប៉ាស៊ីភិច ដែលមានការិយាល័យ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងការស្វែងរកកិច្ចសហការ និងការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក ជាពិសេសទឹកក្រោមដីនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាម ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដ៏ខ្ពង់ខ្ពស់ លោក សែម សំណាង ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ បានជម្រាបជូនគណៈប្រតិភូ អំពីតួនាទី និងភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបានចែងនៅក្នុងច្បាប់ និងក្របខ័ណ្ឌគតិយុទ្ធ ដែលមានជាធរមាន ជាពិសេសពាក់ព័ន្ធនិងការគ្រប់គ្រងទឹកក្រោមដី ប្រកបដោយចេរភាព។ ក្នុងនោះលោកប្រធាននាយកដ្ឋាន ក៏បានលើកឡើងលំអិតអំពីផែនការយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំទៅថ្ងៃអនាគតខាងមុខនេះ (២០១៩-២០២៣) របស់ក្រសួងធនធានទឹក និងឧតុនិយម និងរបស់នាយកដ្ឋានទឹកស្អាត និងអនាម័យ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹកប្រកបដោយចេរភាព។ ដោយឡែកប្រតិភូ SDC ក៏បានជម្រាបជូននាយកដ្ឋានផងដែរ អំពីវិស័យអទិភាពរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស នូវគម្រោងនានាដែលបានអនុវត្តកន្លងមក និងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្រោយពីមានការពិភាក្សា និងពិគ្រោះយោបល់លើគ្រប់ទិដ្ឋភាពនានា ទាំងផ្នែកបច្ចេកទេស ផែនការជាអទិភាពក៏ដូចជាសមត្ថកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ ភាគីស្វីស និងពិនិត្យពិចារណាលើសំណើរបស់ នាយកដ្ឋានស្នើសុំការគាំទ្រលើវិស័យគ្រប់គ្រង និងអភិវឌ្ឍទឹកក្រោមដី ដើម្បីធានាថាវិស័យនេះនិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យដ៏ទៃប្រកដដោយប្រសិទ្ធភាព និងចេរភាព។ ភាគីទាំងពីរនិងបន្តពិភាក្សា ហើយនិងរៀបចំផ្តល់ឯកសារនានា តាមការចាំបាច់ជាទស្សទានក្នុងការពិនិត្យ និងសម្រេចរបស់ភាគី SDC។

No comments:
Post a Comment