ថ្ងៃ ពុធ ០៣កើត ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងសហការីទាំងអស់នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង បានចូលរួមក្នុង « ពិធីប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ២០១៩ » ក្រោមប្រធានបទ " ការបំពុលខ្យល់ " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៑ាន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង។ កម្មវិធីនេះគោលបំណង ៖ ដើម្បីដាស់អារម្មណ៍ បំផុសគំនិត អប់រំផ្សព្វផ្សាយ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ គ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្ស និស្សិត បរិស័ទសាសនា និងប្រជាពលរដ្ឋទាំងអស់នោះ ធ្វើការសំអាតទីក្រុង ជនបទ គ្រប់ទីកន្លែង និងបង្កើនការចូលរួមយល់ដឹងអំពីសភាព ការណ៍បរិស្ថានពិភពលោក ព្រមទាំងមាន ការចូលរួមអនុវត្តឲ្យបានខ្លាំងក្លា តាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ច្បាប់និងបទបញ្ញាតិផ្សេងៗ របស់រាជរដ្ឋាភិបាល ស្តីពីកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យមាននិរន្តរភាព និងភាពស្ថិតស្ថេរសម្រាប់លើកស្ទួយដល់សុខមាលភាពសាធារណ: ។ នៅក្នុងអង្គពិធីនេះ ដោយមានសមាស ភាពចូលរួមពី៖ ឯកឧត្តម លោក ជំទាវ អភិបាល អភិបាលរងក្រុងបាត់ដំបង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១.៧០០នាក់ នៅសួននាគសន្តិភាព ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

No comments:
Post a Comment