កំពង់ចាម៖ អង្គភាពបណ្ឌិតសភាតេក្វាន់ដូកម្ពុជា នៃខេមរសហព័ន្ធតេក្វាន់ដូ បានរៀបចំវគ្គបំប៉នពិសេសដល់សិស្សគុនកីឡាតេក្វាន់ដូ នៅក្លឹបតេក្វាន់ដូ វិទ្យាល័យហ៊ុន សែន ពាមជីកង ដើម្បីជំរុញការលើកកម្ពស់វិស័យកីឡានៅកម្ពុជា ដើម្បីឈោងចាប់ឱកាសចូលរួមការប្រកួតនានាទាំងថ្នាក់ជាតិ និងអន្តរជាតិ ពិសេសកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ពិធីបិទវគ្គបំប៉នពិសេសដល់សិស្សគុនកីឡាតេក្វាន់ដូនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ វិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតបានផ្តល់កិត្តិយសបំពាក់ខ្សែក្រវ៉ាត់ ជូនវិញ្ញាបនបត្រ និងស្បែកជើងដល់សិស្សគុណកីឡាតេក្វាន់ដូផងដែរ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ការហាត់កីឡានៅតាមសាលា មិនត្រឹមតែជំរុញការលើកកម្ពស់វិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងការថែទាំសុខភាព ធ្វើឱ្យសិស្សមានវិន័យ មានឥរិយាបថទន់ភ្លន់ ចេះគោរពគ្នាទៅវិញទៅមក៕

No comments:
Post a Comment