ដោយក្តីអាណិតអាសូរចំពោះតារាកំប្លែងជើងចាស់មានជំងឺជរារ៉ាំរ៉ៃដើរពុំរួចនោះ នៅព្រឹកថ្ងៃសុក្រ ១៤កេីត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ពិនិត្យមេីលស្ថានភាពជំងឺ និងនាំយកអំណោយមនុស្សធម៌ រួមមាន ទឹកត្រចៀកកាំ ទឹកក្រូច គ្រឿងបរិភោគ និងថវិកាមួយចំនួន មកជូន លោកតា ផ្លុង មឿក អាយុ ៨៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលក្រោមការមេីលថែរបស់កូនស្រី នៅផ្ទះជួលស្ថិតនៅ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នាឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ គិតគូរពីសុខភាព និងស្ថានភាពជំងឺ របស់លោកតា ផ្លុង មឿក ព្រមទាំងផ្តាំផ្ញេីដល់កូនស្រីរបស់លោកតា ឱ្យបន្តភាពកតញ្ញូថែទាំឪពុកឱ្យបានដិតដល់រហូតតទៅ។
ជាកិច្ចឆ្លើយតប លោកតា ផ្លុង មឿក និងកូនស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល យកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក និងបានជួយសម្រាលការលំបាកដល់គ្រួសារលោកតាជាច្រើនលើកផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី ៤ ហើយ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនគ្រួសារលោកតា ផ្លុង មឿក។ ដោយឡែក សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ធ្លាប់បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនគ្រួសារលោកតាផងដែរ៕
No comments:
Post a Comment