កម្លាំងនគរបាលអធិការស្រុកអូរយ៉ាដាវបានធ្វើការបង្ក្រាបរឹបអូសយករថយន្តមួយគ្រឿងដែលចោរលួចយកមកលាក់ទុកនៅស្រុកអូរយ៉ាដាវ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 21, 2018

កម្លាំងនគរបាលអធិការស្រុកអូរយ៉ាដាវបានធ្វើការបង្ក្រាបរឹបអូសយករថយន្តមួយគ្រឿងដែលចោរលួចយកមកលាក់ទុកនៅស្រុកអូរយ៉ាដាវ

រតនគិរី÷ ម្លាំងនគរបាលអធិការស្រុកអូរយ៉ាដាវបានធ្វើការបង្ក្រាបរឹបអូសយករថយន្តមួយគ្រឿងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឈ្មោះ អន ធី ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

លោក ងើយ ដន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា  មានករណីចោរកម្ម (លួចរថយន្ត)០១គ្រឿង ម៉ាក កាមរីបាឡែន ផលិតឆ្នាំ២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខសៀមរាប២B-៣១១០ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី​​ ។

លោក ងើយ ដន បានឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់រថយន្តមានឈ្មោះ វៀត ជីថាញ់ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានប្តឹងថាមានចោរលួចរថយន្តរបស់ខ្លួនពីចំណុចច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ ដែលក្នុងនោះជនសង្ស័យមានឈ្មោះ ប៉ាក់ តាឡាន់ ភេទប្រុស មានទីលំនៅបច្ចុប្បន្ននៅក្រុងបានលុង ខេត្តរតនគិរី។

លោកបានបញ្ជាក់ថា កម្លាំងរបស់លោកបានស្រាវជ្រាវដឹងថាជនសង្ស័យ ខណៈលួចបានរថយន្តហើយ ក៏បើកមកលាក់ទុកនៅចំណុចផ្ទះឈ្មោះ អន ធី​​ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខណ:នោះជនសង្ស័យហាក់បីដូចជាដឹងខ្លួនជាមុនហើយធ្វើខ្ចីម៉ូតូម្ចាស់ផ្ទះជិះគេចខ្លួនបាត់ស្រមោលតែម្តង មុនពេលដែលសមត្ថកិច្ចទៅដល់។

បច្ចុប្បន្នវត្ថុតាងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដើម្បីប្រគល់ជូនម្ចាស់វិញ។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។​

No comments:

Post a Comment