កំពង់ស្ពឺ៖ ផ្ទះថ្មីមួយខ្នងតម្លៃ ៦,៩៨១ដុល្លារអាមេរិក ធ្វើអំពីឥដ្ឋនិងឈើ ប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ តយ៉ាកមកមុខ ៣ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូនគ្រួសារអ្នកស្រី សាន ខុម អាយុ ៣៩ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន ៤នាក់ (កូនប្រុស ២នាក់ពិការដេីរមិនរួច កូនស្រីតូចម្នាក់) និងម្តាយចាស់ជរា រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីប្រគល់ផ្ទះ នាថ្ងៃពុធ ទី ២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសូមចូលរួមត្រេកអរចំពោះគ្រួសារដែលទទួលបានទីជម្រកថ្មីដ៏កក់ក្ដៅសម្រាប់ជ្រកកោនតទៅ។ ជាមួយគ្នានោះ លោកជំទាវ បានផ្តាំផ្ញើដល់ក្រុមគ្រួសារអ្នកស្រី សាន ខុម ត្រូវថែទាំសុខភាពឱ្យបានល្អ ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងអប់រំកូនឱ្យខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាងរបស់ខ្លួន។ សូមប្រជាពលរដ្ឋទាំងអស់ ប្រេីប្រាស់ទឹកដោយសន្សំសំចៃ ត្រៀមស្តុកទឹកសម្រាប់ប្រេីប្រាស់ក្នុងរដូវប្រាំងដែលអាចប្រឈមនឹងគ្រោះរាំងស្ងួត។
អំណោយដែលនាំយកទៅប្រគល់ជូន ក្នុងពិធីប្រគល់ផ្ទះនោះរួមមាន ៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា អាវយឺត កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារផ្ទះបាយ និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយឡែក ចាស់ៗដែលចូលរួមអបអរនិងធ្វេីជាសាក្សីក្នុងពិធីប្រគល់ផ្ទះនោះ ក៏ទទួលបាន មុង ភួយ សារុង ក្រមា អាវយឺត និងថវិកាមួយចំនួនដែរ៕

No comments:
Post a Comment