ក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ចលនាប្រឡងប្រណាំង "ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត" - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, December 28, 2018

ក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ចលនាប្រឡងប្រណាំង "ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត"

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នាទីស្ដីការក្រសួងទេសចរណ៍ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ចលនាប្រឡងប្រណាំង "ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត" ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោក លោកស្រីមន្ត្រីក្រសួងទេសចរណ៍ លោក-លោកស្រីម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ប្រមាណជា ១៥០នាក់។ 
ថ្លែងក្នុងអង្គពិធី ឯកឧត្តមអគ្គនាយក បានលើកឡើងសរសើរដល់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ ដែលតែងតែចូលរួមអនុវត្តគោលនយោបាយក៏ដូចជាយុទ្ធសាស្ត្រនានា និងពិគ្រោះយោបល់តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនវិស័យទេសចរណ៍ ដើម្បីបានជាធាតុចូលបន្ថែមថ្មីៗ សំដៅចូលរួមឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ទាក់ទាញពេញនិយមទាំងនៅបច្ចុប្បន្ន និងទៅអនាគត។ បន្ថែមពីនេះ ឯកឧត្តមអគ្គនាយក ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ត្រូវចូលរួមក្នុងចលនាប្រឡងប្រណាំង “ភោជនីយដ្ឋានស្អាត-អាហារដ្ឋានទេសចរណ៍ស្អាត” ដោយផ្ដោតលើចំណុចពីរសំខាន់គឺ៖
-ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺគ្មានសម្រាមក្រោមតុ
-ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត មានបង្គន់អនាម័យស្អាត ដើម្បីធានាថាកម្ពុជាជាគោលដៅទេសចរណ៍ “ស្អាត និងបៃតង - Clean and Green”។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួមអំពីចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ស្អាត” ជូនអង្គពិធីឱ្យបានកាន់តែជ្រួតជ្រាបបន្ថែមផងដែរ។ មុននឹងបញ្ចប់ ក៏មានពិធីប្រគល់ត្រា និងកូនសៀវភៅ Green Passport ជូនដែលបានដាក់ពាក្យចូលរួមមាន៖ត្រាសម្រាប់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ចំនួន ១១៣អាជីវកម្ម និងកូនសៀវភៅ Green Passport ចំនួន ២៧រូបផងដែរ។
Image may contain: 11 people, people standingImage may contain: 10 people, people sitting and indoor

No comments:

Post a Comment