នៅព្រឹកថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ រួមមាន សាលាបឋមសិក្សាអូរសណ្តាន់,សាលាបឋមសិក្សាស្នារអន្សា,សាលាបឋមសិក្សាវាលវង្ស,សាលាបឋមសិក្សាកូលាប,សាលាបឋមសិក្សាអន្លង់ត្នោត,សាលាបឋមសិក្សាក្បាលត្រាច,សាលាបឋមសិក្សាត្រពាំងរំដេញ និងសាលាបឋមសិក្សាឯកសន្ធា បានទទួលការអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលនូវចំណេះដឹងមូលដ្ឋានទាក់ទងនឹងភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍សំខាន់ៗសម្រាប់ថ្មើរជើង វិធានសុវត្ថិភាពសម្រាប់ថ្មើរជើង ប្រការដែលត្រូវជៀសវាងមួយចំនួនសម្រាប់ថ្មើរជើង ព្រមទាំងទទួលសម្ភារសិក្សាមួយចំនួន តាមរយៈនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងដោយមានការឧបត្ថម្ភពីអង្គការមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ហៅកាត់ថា “JAIF” ដែលជាគម្រោងអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ “បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ”។
នៅអំឡុងពេលនៃការសិក្សានេះ សិស្សានុសិស្សនៃសាលាបឋមសិក្សានីមួយ ក៏មានឱកាសក្នុងការឆ្លើយសំណួរទាក់ទងនឹងមេរៀនសុវត្ថិភាពនេះ ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាពជារង្វាន់។
បន្ទាប់ពីបញ្ចប់វគ្គទ្រឹស្តីនេះរួច សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់បានចូលរួមហ្វឹកហាត់ និងអនុវត្តវិធានសុវត្ថិភាពក្នុងការឆ្លងផ្លូវនៅទីលានដែលបានរៀបចំក្នុងបរិវេនរបស់សាលាបឋមសិក្សានីមួយៗធ្វើជាគំរូសម្រាប់សិស្សានុសិស្សយកទៅអនុវត្តក្នុងពេលឆ្លងផ្លូវ។

No comments:
Post a Comment