ថ្នាក់ដឹកនាំខេត្តសៀមរាបជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ - រំដួលប៉ុស្តិ៍

រំដួលប៉ុស្តិ៍

នាំមកជូនលោកអ្នកលើសពីព័ត៌មាន



Friday, June 7, 2019

ថ្នាក់ដឹកនាំខេត្តសៀមរាបជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤

ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុប្រឹក្សាខេត្ត និង លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត រួមទាំង នាយករដ្ឋបាលសាលាខេត្ត គ្រប់ទីចាត់ការនៃសាលាខេត្ត និង ស្នងការនគរបាលខេត្ត បានជួបពិភាក្សាការងារជា មួយគណៈប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធ សភា ប្រចាំភូមិភាគទី៤ នៅសាលាខេត្តសៀមរាប ក្នុងគោលបំណងជួយ ជម្រុញ និង ការផ្តល់សេវារដ្ឋបាល កាលពីព្រឹកថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៩នេះ ។
Image may contain: 5 people, people sitting, table and indoor
ក្នុងដំណើរបំពេញបេសកម្មរបស់ប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤នាពេលនេះ ដើមី្បធ្វើការស្វែងយល់ អំពីស្ថានភាពទូទៅ និង ការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពល រដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង ធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការងារទាំងនោះផងដែរ ។

លោកស្រី យូ សុភា ក៏បានបញ្ជាក់អំពីស្ថានភាពទូទៅរបស់ខេត្ត ការងារសន្តិសុខ និង សណ្តាប់ធ្នាប់ ទេសចរណ៍ កសិកម្ម និង ការងារអត្រានុកូលដ្ឋាន ព្រមទាំងការផ្តល់សេវារដ្ឋបាល តាមអង្គភាពច្រកចេញ ចូលតែមួយរបស់រដ្ឋបាលខេត្ត និង ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និង បញ្ហាប្រឈមមួយចំនួនផងដែរ ។

ឯកឧត្តម ប៉ុល លឹម ក៏បានធ្វើការបញ្ជាក់ពីគោលបំណង នៃដំណើរបំពេញបេសកកម្មនៅ ខេត្តសៀមរាបនាពេលនេះរបស់ប្រតិភូ ដើមី្បជួយដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការពង្រឹងយន្តការដល់អង្គភាព មន្ទីរពាក់ ព័ន្ធទាំងអស់ ដែលមានសមត្ថកិច្ចធ្វើការងារ និង ជួយជម្រុញ តាមដាន ត្រួតពិនិត្យ ណែនាំទៅតាមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ សំខាន់ចំពោះលោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការនគរ បាលក្រុង ស្រុក និង ស្នងការនគរបាលខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប ។

ក្នុងនាមប្រធានក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តមក៏បានលើកពីដំណើរបំពេញបេសកកម្មនេះ ដើមី្បរួមគ្នានៅក្នុងភូមិភាគទី៤ ដែលមានខេត្តសៀមរាបបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ ក្នុងគោលដៅធ្វើឲ្យខេត្តទាំងប្រាំ ឲ្យកាន់ តែមានសន្ទុះក្នុងកិច្ចអភិវឌ្ឍន៍ខេត្តរបស់ខ្លួន ។ ក្នុងឱកាសនេះដែរ ក៏ដើមី្បធ្វើការស្វែងយល់អំពីទុក្ខកង្វល់របស់ប្រជានុរាស្ត្រ ដែលមានទុក្ខកង្វល់របស់លោកមេឃុំ ចៅសង្កាត់ ក៏ដូចជាទុក្ខកង្វល់របស់ក្រុមប្រឹក្សា និង គណៈអភិបាលខេត្តផងដែរ ។ ឯកឧត្តម ប៉ុល លឹម ក៏បានបញ្ជាក់ថា ដោយបញ្ហាទាំងនេះហើយ ដែលយើងត្រូវរួមគ្នាក្នុងការអនុវត្តឲ្យខាងតែបាន ក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។

ឯកឧត្តមប្រធាន ក៏បានលើកនូវចំណុចសំខាន់ៗ ដើមី្បជូនដល់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត ធ្វើការបកស្រាយបំភ្លឺ ដោយបានផ្តោតទៅលើ ការងារអត្រានុកូលដ្ឋាន ការផ្តល់ សៀវភៅគ្រួសារ និង ស្នាក់នៅ , ការធ្វើចរាចរលិខិត ឯកសារ , ការងារច្រកចេញចូលតែមួយ , បញ្ហាដីធ្លីដែលមានការពាក់ ព័ន្ធទៅ (ស.ជ.ណ លេខ ៥១ , ៥២ និង លេខ១៥៨ ) ដើមី្បឲ្យអាជ្ញាធរខេត្ត ធ្វើការពិនិត្យឡើងវិញផងដែរ ។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើចំណោទបញ្ហា ការបង់ពន្ធប្រថាប់ត្រាលើដីធ្លី មានការយឺតយ៉ាវ ព្រមទាំងភាពយឺតយ៉ាវរបស់ ការិយាល័យភូមិបាលក្រុង ស្រុក ដែលធ្វើឲ្យប្រជាពលរដ្ឋមានទុក្ខកង្វល់នាពេលបច្ចុប្បន្ននេះ ។ ក្នុងនោះឯកឧត្តមក៏បានសុំ ឲ្យអាជ្ញាធរខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ នូវបញ្ហាទាំងនេះ ព្រមទាំងស្រាវជ្រាវពីការយឺតយ៉ាវទាំងនេះ ក្នុងគោលបំណង អ្វីខ្លះចំពោះប្រជាពលរដ្ឋ ដែលពួកគាត់មានតម្រូវការចាំបាច់ក្នុងក្រុមគ្រួសារ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ុល លឹម ក៏បានធ្វើការកោតសរសើរ ពីការខិតខំរបស់រដ្ឋបាលខេត្តសៀមរាប លើកអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានសោភណ្ឌភាព ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ដែលជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍លើកពិភពលោកទៀតផង ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវបទពិសោធន៍ និង អនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាព គឺត្រូវធ្វើ ការពិនិត្យឡើងវិញ នូវរាល់បញ្ហាទាំងឡាយដែលមានកន្លងមក ដើមី្បធ្វើការកែប្រែ ឲ្យប្រកបទៅដោយសន្តិវិធី ក្នុងការបម្រើ ដល់ប្រជាពលរដ្ឋ ដើមី្បជាទីទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

No comments:

Post a Comment