នាវេលាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប លោក ប៉ាក សុខារ៉ាវុត អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Pralong Dumrongthai អគ្គនាយក នៃនាយកដ្ឋានត្រួតពិនិត្យការបំពុល នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន នៃព្រះរាជាណាចក្រថៃ និងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ដែលសិក្ខាសាលានេះបាននឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់០៦ ខែមិថុនា ឆ្នាំ២០១៩។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដោយមានសិក្ខាកាមចូលរួមចំនួន៦០នាក់ អញ្ជើញមកពីមន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្រ្តីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ផ្តោតជាសំខាន់លើការត្រួតពិនិត្យការបំពុលខ្យល់ ការរៀបចំក្រងទិន្នន័យការបំពុលខ្យល់ដែលទាញយកទិន្នន័យពីឧបករណ៍ត្រួតពិនិត្យការបំពុលខ្យល់ដែលបំពាក់នៅរាជធានីភ្នំពេញនិងតាមបណ្តាមន្ទីរបរិស្ថានខេត្តមួយចំនួន និងការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ និងការចែករំលែកបទពិសោធន៍នៃការត្រួតពិនិត្យការបំពុលខ្យល់និងការប្រើប្រាស់ឧបរករណ៍ត្រួតពិនិត្យការបំពុលខ្យល់និងផ្សែងអ័ព្ទឆ្លងដែនចល័តក្នុងព្រះរាជាណាចក្រថៃ៕

No comments:
Post a Comment