កាលពីថ្ងៃព្រហស្បតិ៍ ៤កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំលេខ២ នៃរដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំ ពិភាក្សាពាក់ព័ន្ធនឹងអាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ-អង្គភាព អភិបាល-អភិបាលរងក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងអ្នកពាក់ព័ន្ធនានា សរុបចំនួន ៣៨នាក់។

គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះ គឺដេីម្បីគ្រប់គ្រង និងរួមគ្នាការពារការលក់ និងធ្វើចរាចរណ៍វត្ថុអនុស្សាវរីយ៍ក្លែងក្លាយ ការលក់ក្នុងតម្លៃខ្ពស់ពេក និងកិច្ចសហការល្អរវាងអាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចដេីម្បីទប់ស្កាត់ការលក់ដូរវត្ថុអនុស្សាវរីយ៍ក្លែងក្លាយទាំងអស់ទូទាំងខេត្ត ដែលធ្វេីឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសខេត្តទេសចរណ៍ប្រវត្តិសាស្ត្រដ៏ស្អាតផូរផង់របស់យេីង។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្ត ក៏បានផ្ដល់អនុសាស្ដ្រណែនាំល្អៗជាច្រេីនដល់អង្គប្រជុំទាំងមូល ដេីម្បីពង្រឹងកិច្ចសហការ ការអនុវត្តកិច្ចការទាំងនេះប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់៕

No comments:
Post a Comment